ហ៊ាន សាហុីប
បណ្ឌិតសភាចារ្យ ហ៊ាន សាហុីប គឺជាសេដ្ឋវិទូ និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា[១] ។ អាជីពការងារក្នុងអាជីពការងារដំបូងៗ, បណ្ឌិតសភាចារ្យ ហ៊ាន សាហុីប បានទទួលភារកិច្ចជានាយកដំបូងបង្អស់ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៩៧ ។ តាមរយៈការកសាងសមត្ថភាព, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមចំណែកក្នុងដំណើរការនៃការធ្វើបរិវត្តកម្មប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ ដោយរលូន ព្រមទាំងបានបណ្តុះបណ្តាលមន្ត្រីរាជការស៊ីវិលលើមុខជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងអាស៊ាននៅឆ្នាំ១៩៩៩ ។ បន្ទាប់មក, លោកនៅបន្តមានតួនាទីដឹកនាំក្នុងការអភិវឌ្ឍមូលធនមនុស្សកម្ពុជា ក្នុងមុខជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ តាមរយៈការទទួលភារកិច្ចជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រធានក្រុមការងារកសាងសមត្ថភាពមន្រ្តីរាជការ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។[២] ជាមួយតួនាទីដឹកនាំទាំងនេះ, លោកបានត្រួសត្រាយផ្លូវឱ្យមានប្រព័ន្ធ និង យុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្រោមការដឹកនាំរបស់លោក, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ ពីសំណាក់ដៃគូអភិវឌ្ឍសំខាន់ៗ ដូចជា សហភាពអឺរ៉ុប (EU), ធនាគារពិភពលោក (World Bank), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ធនាគារអភិវឌ្ឍន៍អាសុី (ADB), ទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA), ទីភ្នាក់ងារស៊ុយអ៊ែតសម្រាប់ការអភិវឌ្ឍអន្តរជាតិ (SIDA), និង មូលនិធិតេម៉ាសេកអន្តរជាតិរបស់សិង្ហបុរី (Temasek Foundation International) ។ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបង្កើតនូវកិច្ចសហប្រតិបត្តិការ និង កិច្ចសហការជិតស្និតជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវអន្តរជាតិនានា រួមមាន សកលវិទ្យាល័យឆាលស្ទើត (Charles Sturt University) របស់ប្រទេសអូស្ត្រាលី, វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (Korea Development Institute) របស់ប្រទេសកូរ៉េខាងត្បូង, សកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (Nanyang Technological University)របស់សិង្ហបុរី, វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាសុីប៉ាសុីភិច (Asia-Pacific Finance and Development Institute) របស់ចិន, និង មហាវិទ្យាល័យមុខងារសាធារណៈ (Civil Service College) របស់សិង្ហបុរី។ លើសពីនេះ, លោកបាននិងកំពុងដឹកនាំគម្រោងថ្នាក់ជាតិ មានឈ្មោះថា គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)[៣][៤] ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ ភាពស័ក្តិសិទ្ធ, គណនេយ្យភាព, តម្លាភាព និង អភិបាលកិច្ចល្អ ក្នុងការប្រើប្រាស់ថវិកាជាតិ ។ ជាលទ្ធផល, ធានាបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ច និង ការកាត់បន្ថយភាពក្រីក្រជូនប្រជាជនកម្ពុជា, ព្រមទាំងផ្តល់ការគំាទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកក៏ជាប្រធានក្រុមការងារត្រួតពិនិត្យឡើងវិញនូវគម្រោងវិនិយោគឯកជន ដែលមានគោលបំណងគ្រប់គ្រងហិរញ្ញវត្ថុ និង ទ្រព្យសម្បត្តិរដ្ឋ, រួមទាំងធានានូវតុល្យភាពរវាងការលើកទឹកចិត្ត, ជំរុញកំណើនសេដ្ឋកិច្ច និង កៀរគរចំណូលប្រកបដោយភាពស័ក្តិសិទ្ធ ។ នៅឆ្នាំ២០២៤, លោកត្រូវបានតែងតាំងជាទីប្រឹក្សានាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២៤ ។ ក្រុមការងារនេះគឺជាយន្តការ "ច្រកចេញ-ចូលតែមួយ" ដែលមានភារកិច្ច ដឹកនាំ សម្របសម្រួល និង អនុវត្តនូវកម្មវិធីពិសេសនេះ ព្រមទាំងដាក់ចេញនូវវិធានការសម្រាប់ដោះស្រាយគម្រោងជាប់គាំងក្នុងខេត្តព្រះសីហនុ, ជាលទ្ធផល នឹងដោះស្រាយបញ្ហាប្រឈមចំពោះមុខ និង បង្កើតបរិយាសអំណោយផលដល់ធុរកិច្ច និង ការវិនិយោគ ។[៥] លើសពីនេះ, លោកក៏បានកាន់តួនាទីយុទ្ធសាស្រ្តជាច្រើន ក្នុងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រួមទាំង អនុប្រធាន និងជាអគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ។ បច្ចុប្បន្ន, លោកគឺជាអនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើទេសរដ្ឋមន្រ្តី ។ លោកក៏មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា[៦][៧][៨], សមាជិកក្រុមប្រឹក្សាភិបាលនៃសាលាភូមិន្ទរដ្ឋបាល[៩] និង សមាជិកក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាកម្ពុជា[១០] ។ ការសិក្សាបណ្ឌិតសភាចារ្យ បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និង សញ្ញាបត្របណ្ឌិត ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យរដ្ឋកៀវនៃប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ ១៩៩១ និង ១៩៩៤ ។ ការងារស្រាវជ្រាវរបស់លោក ផ្តោតលើគោលនយោបាយសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ និង យុទ្ធសាស្រ្តអភិវឌ្ឍវិស័យឯកជន។ លោកបាននិពន្ធសៀវភៅ និង ចងក្រងឯកសារស្រាវជ្រាវ ទាក់ទងនឹង សេដ្ឋកិច្ចសាធារណៈ និង តួនាទីរដ្ឋក្នុងសេដ្ឋកិច្ច[១១][១២] ។ លោកគឺជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈកម្ពុជា រួមមាន សាលាភូមិន្ទរដ្ឋបាល រាជបណ្ឌិត្យសភាកម្ពុជា និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាកន្លែងដែល លោក បានបណ្តុះបណ្តាល និង ផ្តល់ឱវាទដល់ និស្សិត អ្នកស្រាវជ្រាវ សហគ្រិន អ្នកដឹកនាំវ័យក្មេង និង មន្រ្តីរាជការ ជាច្រើន ។ ដោយសារតែការរួមចំណែកដ៏លេចធ្លោទាំងនេះ, លោកទទួលបានការលើកទឹកចិត្ត និង ការតែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាជាមួយគោរមងារជា “បណ្ឌិតសភាចារ្យ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០១៨[១៣] ។ ការបោះពុម្ពផ្សាយនៅឆ្នាំ ២០២១, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបោះផ្សាយសៀវភៅមួយទៀត មានចំណងជើងថា “ទស្សនៈសេដ្ឋវិទូ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច”[១៤] ។ នៅក្នុងសៀវភៅនេះ, លោកបានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់នៃទស្សនាទានស្តីពី “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”, “ប្រតិតុល្យភាព” និង “ប្រព័ន្ធតម្លៃ” ក្នុងការកសាងអភិបាលកិច្ចល្អ ជាពិសេសការកែទម្រង់ស្ថាប័ន ។ លោកជឿជាក់ទៅលើ គុណាធិបតេយ្យ, ការអភិវឌ្ឍធនធានមនុស្ស និង ការប្រើប្រាស់ព័ត៌មាន និង បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និង ការសម្រេចចិត្ត ។ លោក ជ្រើសយកប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (ផ្លូវទីបី) ធ្វើជាទស្សនវិជ្ជាសេដ្ឋកិច្ចរបស់លោក ។ លោកធ្លាប់អះអាងថា "ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ មានយុត្តិធម៌ ប៉ុន្តែអសមធម៌", រីឯប្រព័ន្ធសេដ្ឋកិច្ចផែនការ មានសមធម៌ ប៉ុន្តែអយុត្តិធម៌" ។ ជាលទ្ធផល, ប្រព័ន្ធសេដ្ឋកិច្ចទាំងពីរបានវិវត្ត និង ក្រោយមក បានអភិវឌ្ឍទៅជាប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ។ ឯកសារយោង
|