FMIS Cambodiaប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ FMIS
ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមធ្វើការកែទម្រង់ស្ទើគ្រប់វិស័យអាទិភាព ដើម្បីបង្កើន ពង្រីក និងពង្រឹងគុណភាពអប់រំ សុខមាលភាព គណនេយ្យភាព សង្គតិភាព សមភាព និង អភិបាលកិច្ចល្អ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាកម្មវិធីកែទម្រង់រយៈពេលវែងជាច្រើនលើគ្រប់វិស័យ ជាពិសេសការដាក់ចេញនូវកម្មវិធីកែទម្រង់ពាក់ព័ន្ធនឹងការបង្កើនគុណភាពអភិបាលកិច្ច ឬការកែទម្រ់ងលើរចនាសម្ព័ន្ធ ឬនិយាយម្យ៉ាងទៀតថា ការកែទម្រង់ដែលមានលក្ខណៈជាប្រព័ន្ធ ដែលមានចំនួន ៤ សំខាន់ៗ គឺ១.កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ[តំណភ្ជាប់ខូច] ២.កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ[តំណភ្ជាប់ខូច] ៣.កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ[តំណភ្ជាប់ខូច] និង៤.កម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤ មក ដែលដឹកនាំដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាន។ កម្មវិធីកែទម្រង់នេះត្រូវបានកំណត់ជា ៤ ដំណាក់កាល តាំងពីការចាប់ផ្តើមដំបូង ពោលគឺត្រូវអនុវត្តរហូតដល់ឆ្នាំ២០២៥ ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្តង់ដានិងឧត្តមានុវត្តន៍អន្តរជាតិ។ សាវតារ FMIS"ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS" បានចាប់បដិសន្ធិឡើងនៅដើមឆ្នាំ ២០១៤ ដែលស្ថិតនៅក្នុងដំណាក់កាលទី២ “ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ” ដោយផ្ដោតជាសំខាន់លើការរៀបចំ ការកែលម្អ ព្រមទាំងការពង្រឹងការកត់ត្រា និងការធ្វើរបាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុឱ្យបានកាន់តែត្រឹមត្រូវ ច្បាស់លាស់ សុក្រឹត និងទាន់ពេលវេលា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។ កាតព្វកិច្ចរបស់ FMIS គឺជួយពង្រឹងការគ្រប់គ្រងថវិកាជាតិ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ដូចជាការសម្រួលដល់នីតិវិធីនៃប្រតិបត្តិការហិរញ្ញវត្ថុឱ្យមានភាពប្រសើរឡើង ទូទាត់ជូនអ្នកផ្គត់ផ្គង់បានទាន់ពេលវេលា លើកកម្ពស់តម្លៃនៃការប្រើប្រាស់ថវិកាឱ្យអស់សក្តានុពល ផ្តល់ជូននូវព័ត៌មានហិរញ្ញវត្ថុគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៅតាមវិស័យនីមួយៗ។ តាមរយៈនីតិវិធីអនុវត្តការងារទាំងស្រុងនៅក្នុងប្រព័ន្ធ, FMIS នឹងកាន់តែជួយពន្លឿននិងផ្តល់ភាពងាយស្រួលដល់មន្ត្រី ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងទាន់ពេលវេលាបន្ថែមទៀត។ FMIS នឹងក្លាយជាឧបករណ៍ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គ្រប់គ្រងព័ត៌មានចំណូលចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីប្រែក្លាយកម្ពុជាឈានទៅសម្រចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ យោងតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ[តំណភ្ជាប់ខូច] ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្នុងជំពូកទី២ មាត្រា១៣ បានចែងថា ការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន ការត្រួតពិនិត្យលើការអនុវត្តចំណូលនិងចំណាយថវិការដ្ឋ និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យនៃថវិការដ្ឋ ព្រមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រើប្រាស់និងឆ្លុះបញ្ចាំងក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតែមួយគត់។ FMIS ត្រូវបានទទួលស្គាល់ថា ជាឆ្អឹងខ្នងគន្លឹះពុំអាចខ្វះបានសម្រាប់គាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាល ក្នុងការគ្រប់គ្រង និងអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុនៅតាមអង្គភាពថវិកា ដើម្បីតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ គោលបំណងនៃការអនុវត្តគម្រោង FMIS គឺដើម្បីធ្វើវិមជ្ឈការលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងពន្លឿននីតិវិធីអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ។
មុខងាររបស់ FMISមុខងារស្នូលបច្ចុប្បន្ននេះ FMIS បានធ្វើដំណើរមកដល់ជំហានទី៣ (២០២១-២០២៥) ដោយពង្រីកវិសាលភាពក្នុងការប្រើប្រាស់នៅស្ទើតែគ្រប់អង្គភាពអនុវត្តហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា។ ប្រព័ន្ធទំនើបកម្មនេះ មានមុខងារចំនួន ៨ រួមមាន៖ មុខងាររៀបចំផែនការថវិកា (Budget Planning), មុខងារវិភាជន៍ថវិកា (Budget Allocation), មុខងារគណនីត្រូវទារ (Accounts Receivable), មុខងារការទិញ (Purchase Order), មុខងារលទ្ធកម្មពេញលេញ (Full Procurement), មុខងារគណនីត្រូវសង (Accounts Payable), មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management), និង មុខងារសៀវភៅធំ (General Ledger)។ មុខងារផ្សេងៗក្រៅពីមុខងារស្នូលដែលអនុវត្តនៅតាមក្រសួង-ស្ថាប័ន, FMIS ក៏មានមុខងារបន្ថែមផ្សេងទៀត ដែលជួយគាំទ្រលើការប្រើប្រាស់ប្រព័ន្ធផងដែរ ក្នុងនោះរួមមាន៖ របាយការណ៍ហិរញ្ញវត្ថុ (Financial Report), មុខងារផ្ទេរសិទ្ធិនិងទទួលសិទ្ធិអនុម័តប្រតិបត្តិការ (Delegation), កម្មវិធីតាមដានស្ថានភាពប្រតិបត្តិការ (FMIS Transaction Monitoring), កម្មវិធីត្រួតពិនិត្យការអនុវត្តថវិកា (FMIS Performance Monitoring), មុខងារជូនដំណឹង (Notification), និងមុខងារផ្ទេរសាច់ប្រាក់តាមអេឡិចត្រូនិច (EFT)។ FMIS Portal ជំនាន់ទី១FMIS Portal ជំនាន់ទី១ ត្រូវបានរៀបចំដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS គឺដើម្បីបង្កើនភាពងាយស្រួលជូនទៅដល់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានទីតាំងនៅឆ្ងាយពីរតនាគារខេត្ត ដូចជា រដ្ឋបាលឃុំ និងរដ្ឋបាលស្រុកនៅតាមបណ្តាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការទំនាក់ទំនង និងបញ្ជូនឯកសារទៅវិញទៅមក មានភាពងាយស្រួលនិងទាន់ពេលវេលាក្នុងការអនុវត្តចំណូលនិងចំណាយជាដើម។ បច្ចុប្បន្ន រដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស ដែលមានរដ្ឋបាលក្រុងចំនួន ៣១, រដ្ឋបាលស្រុក ចំនួន ១៦៣, រដ្ឋបាលឃុំចំនួន ១៤១៦ និងរដ្ឋបាលសង្កាត់ចំនួន ២៦០ កំពុងប្រើប្រាស់ FMIS Portal ជំនាន់ទី១ អ្នកប្រើប្រាស់សរុប ៣៣៧២រូប ដើម្បីសម្រួលដល់ការអនុវត្តការងារហិរញ្ញវត្ថុប្រចាំថ្ងៃ។ FMIS Portal ជំនាន់ទី១ ត្រូវបានប្រកាសដាក់អោយប្រើប្រាស់នៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីកញ្ចក់ថវិកាតាមទូរសព្ទដៃជំនាន់ទី១ (Budget Mirror Mobile Application Version 1)កម្មវិធីកញ្ចក់ថវិកា គឺជាកម្មវិធីរបាយការណ៍ឌីជីថលឆ្លាតវៃ ដែលនឹងក្លាយជាថ្នាលប្រមូលផ្តុំនូវទិន្នន័យឌីជីថលច្រើនប្រភេទទាំងទិន្នន័យហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ហើយបំប្លែងទិន្នន័យ ( Data Transforming) ជាទម្រង់ព័ត៌មានដែលអាចអានបាន, យល់បាន និងប្រើប្រាស់បាន សម្រាប់តាមដាន និង គ្រប់គ្រងការអនុវត្តហិរញ្ញវត្ថុសាធារណៈ ព្រមទាំងជួយដល់ការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងធុរកិច្ចរបស់ស្ថាប័ន និងរាជរដ្ឋាភិបាល។ អត្ថប្រយោជន៍ចម្បងៗ៖
កម្មវិធីចំណាត់ថ្នាក់ថវិកា (FMIS Classification)ចំណាត់ថ្នាក់ថវិកាក្នុង FMIS ត្រូវបានរចនាឡើង ក្នុងគោលបំណងដើម្បីជួយដល់អ្នកប្រើប្រាស់ក្នុងការរុករក និងយល់ដឹងអំពីរចនាសម្ព័ន្ធនិងគោលបំណងនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដោយងាយស្រួល។ ជាទូទៅ ម៉ូឌុលចំណាត់ថ្នាក់នីមួយៗរួមមាន៖ លេខកូដសម្គាល់, ឈ្មោះ, និងការពណ៌នាខ្លី ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវព័ត៌មានច្បាស់លាស់ និងងាយស្រួលប្រើប្រាស់។ ចំណាត់ថ្នាក់ទាំងនេះរួមមាន៖
អ៊ីនត្រាណិត (Intranet)ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, គម្រាងស្ថាបនាអ៊ីនត្រាណិត ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ជាផ្លូវការនៅតាមអង្គភាពប្រើប្រាស់ក្រោមឱវាទក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាចំនួន ១៧៧ការដ្ឋាន ដើម្បីបំពេញតម្រូវការជាក់ស្តែង រួមមាន ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ប្រព័ន្ធកៀរគរចំណូលពន្ធគយ និងប្រព័ន្ធកៀរគរចំណូលពន្ធដារ ជាដើម។ គម្រោងនេះ នឹងបន្តពង្រីកវិសាលភាព និងសេវានានាបន្ថែមទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ស្ថាប័នទទួលសេវាជាមូលដ្ឋាន និងក្រសួង-ស្ថាប័នជាដៃគូ រួមទាំងប្រជាពលរដ្ឋ។ FMIS Portal ជំនាន់ថ្មីFMIS Portal ជំនាន់ថ្មី គឺជាប្រព័ន្ធទំនើបកម្ម ដែលប្រើប្រាស់សម្រាប់សម្រួល និងបន្ថែមភាពងាយស្រួលដល់ដំណើរការប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈការកាត់បន្ថយនូវផ្ទាំងបំពេញព័ត៌មាន និងកាត់បន្ថយភាពស្មុគស្មាញនៃប្រតិបត្តិការ ដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត (Internet) បានដោយផ្ទាល់លើទូរសព្ទដៃ, ថេប្លេត (tablet) និងកុំព្យូទ័រយួរដៃ ជាដើម។ FMIS Portal ជំនាន់ថ្មី ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជម្រុញប្រសិទ្ធភាពនៃការប្រើប្រាស់ FMIS សម្រាប់អ្នកប្រើប្រាស់ នៅតាមបណ្តារដ្ឋបាលក្រុង ស្រុក និងខណ្ឌ ក្នុងការចុះប្រតិបត្តិការហិរញ្ញវត្ថុជាច្រើន រួមមាន៖ ប្រតិបត្តិការស្នើសុំធានាចំណាយ ប្រតិបត្តិការការអនុវត្តកិច្ចលទ្ធកម្ម ប្រតិបត្តិការទូទាត់ចំណាយ និងការទាញយករបាយការណ៍ផ្សេងៗ តាមរយៈ ប្រព័ន្ធអ៊ីនធឺណេត (Internet) ដោយផ្ទាល់លើទូរសព្ទដៃ, ថេប្លេត (tablet) និងកុំព្យូទ័រយួរដៃ។ អត្ថប្រយោជន៍នៃការប្រើប្រាស់ FMIS ផតថល ជំនាន់ថ្មី៖
អង្គភាពអនុវត្តគម្រោង FMIS១. ក្រសួង-ស្ថាប័នគិតត្រឹមឆ្នាំ ២០២៥ នេះ មានក្រសួង-ស្ថាប័នចំនួន ៣៧ បាននិងកំពុងចូលរួមអនុវត្តគម្រោង FMIS ស្ថិតនៅក្នុងជំហានទី៣ (២០២១-២០២៥)។ FMIS ត្រូវបានដាក់ឱ្យអនុវត្តជាជំហានៗ ទៅតាមការដ្ឋាន ដោយផ្អែកទៅលើចំនួនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង-ស្ថាប័នសាម៉ី ដែលក្នុងនោះរួមមាន៖ អ្នកទទួលបន្ទុកបញ្ចូលប្រតិបត្តិការ អ្នកត្រួតពិនិត្យប្រតិបត្តិការ អ្នកត្រួតពិនិត្យជំនួស អ្នកអនុម័ត អ្នកអនុម័តជំនួស តាមមុខងាររៀងៗខ្លួន។ ក្រសួង-ស្ថាប័នខាងលើ បានចូលរួមអនុវត្តនីតិវិធីការងារតាម FMIS លើមុខងារស្នូល ដូចជា៖ មុខងារគណនីត្រូវសង (Accounts Payable), មុខងារគណនីត្រូវទារ (Accounts Receivable), មុខងារការទិញ (Purchase Order), មុខងារលទ្ធកម្មពេញលេញ (Procurement), មុខងារវិភាជន៍ថវិកា (Budget Allocation), មុខងាររៀបចំផែនការថវិកា (Budget Planning), របាយការណ៍ (Report), មុខងារផ្ទេរសិទ្ធិ និងទទួលសិទ្ធិអនុម័តប្រតិបត្តិការ (Delegation)។ ២. រដ្ឋបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ បានចូលរួមអនុវត្តនីតិវិធីការងារប្រតិបត្តិការហិរញ្ញវត្ថុតាម FMIS ចាប់តាំងពីឆ្នាំ ២០២២ ដែលមានមុខងារចំនួន ៤ ក្នុងនោះរួមមាន៖ មុខងារវិភាជន៍ថវិកា មុខងារគណនីត្រូវសង មុខងារគណនីត្រូវទារ និង មុខងារការទិញ។ ៣. មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥[តំណភ្ជាប់ខូច] បានចូលរួមអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាម FMIS ចាប់តាំងពីឆ្នាំ ២០១៩ មក ហើយត្រូវបានបន្តដាក់ឱ្យអនុវត្តនូវមុខងារចំនួន៥ ក្នុងនោះរួមមាន មុខងារគណនីត្រូវសង (Accounts Payable), មុខងារសៀវភៅធំ (General Ledger), មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management), មុខងារការទិញ (Purchase Order), និងមុខងារវិភាជន៍ថវិកា (Budget Allocation) ។ ៤. គ្រឹះស្ថានសាធារណៈរដ្ឋបាលបច្ចុប្បន្ននេះ គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៩[តំណភ្ជាប់ខូច] បានចូលរួមអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាម FMIS ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ បានចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២៣ រួមមាន៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, រាជ្យបណ្ឌិតសភាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៥ បន្ថែមថ្មី បានចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២៥ រួមមាន៖ ១. សាកលវិទ្យាល័យភូមិន្ទកសិកម្ម, ២. សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ៣. សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ៤. សាកលវិទ្យាល័យជាតិបាត់ដំបង និង៥. វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំង ៩ នេះ ត្រូវអនុវត្តមុខងារចម្បងចំនួន ៦ រួមមាន៖ មុខងារគណនីត្រូវសង (Accounts Payable), មុខងារគណនីត្រូវទារ (Accounts Receivable), មុខងារសៀវភៅធំ (General Ledger), មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management), មុខងារការទិញ (Purchase Order), មុខងារវិភាជន៍ថវិកា (Budget Allocation), របាយការណ៍ (Report), មុខងារផ្ទេរសិទ្ធិ និងទទួលសិទ្ធិអនុម័តប្រតិបត្តិការ (Delegation)។ ៥. រដ្ឋបាលក្រុង-ស្រុក-ខណ្ឌរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន ៤៤ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS នៅត្រីមាសទី១ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន រដ្ឋបាលក្រុងទាំង ២៨, រដ្ឋបាលស្រុកខ្សាច់កណ្តាល, រដ្ឋបាលស្រុកមុខកំពូល និង រដ្ឋបាលខណ្ឌទាំង ១៤ នៅរាជធានីភ្នំពេញ។ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌទាំង ៤៤ នេះ ត្រូវអនុវត្តមុខងារចម្បងចំនួន ៣ ដោយអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុង រួមមាន មុខងារគណនីត្រូវសង (Accounts Payable), មុខងារការទិញ (Purchase Order), និងមុខងារវិភាជន៍ថវិកា (Budget Allocation)។ ៦. រតនាគាររាជធានី-ខេត្តរតនាគាររាជធានី-ខេត្តទាំង ២៥ បានចូលរួមអនុវត្តទៅលើមុខងារចំនួន ៦ រួមមាន មុខងារគណនីត្រូវសង (Accounts Payable), មុខងារគណនីត្រូវទារ (Accounts Receivable), មុខងារសៀវភៅធំ (General Ledger), មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management), មុខងារការទិញ (Purchase Order), និងមុខងារវិភាជន៍ថវិកា (Budget Allocation)។ ឯកសារយោង
|