អ្នករៀនដើម្បីជាតិហៃកុមារា ចូរខំនាំគ្នា រៀនអក្សរសាស្រ្ត ចូរកុំរត់លេង ត្រូវនឹកអៀនខ្មាស ហាត់អានឲ្យច្បាស់
សរសេរឲ្យត្រូវ ។
រៀនសូត្រឲ្យចេះ អស់អាថ៌ចំណេះ កុំឲ្យសត្រូវ ញាំញីលើក្បាល ចិរកាលតទៅ នាំឲ្យអាស្រូវ
ថោកដល់ជាតិទៀត ។
រដ្ឋខ្មែរតូចណាស់ ចូរប្រែក្រឡាស់ រិះរេរកស្នៀត កុំនៅឡែឡ ខាតពេលបង់សៀត នាងអើយខំឆ្លៀត
ទាន់នាងនៅក្មេង ។
ចូរនាងជឿថា រដ្ឋនឹងថ្លៃថ្លា ដោយសារនាងឯង ដែលខំស្វាធ្យា ដើម្បីចាត់ចែង តាំងផ្ទះសម្បែង
ឲ្យល្អដូចគេ ។
ន. មោ . ក.ខ ហាត់អានឲ្យល្អ កុំនៅទំនេរ ដីសខ្មៅដៃ ព្យាយាមសរសេរ កុំចាំគ្រូជេរ
រៀនសោះគេថា ។
កុំដូចមនុស្សខ្វាក់ តាមកែគេញាក់ ឆ្វេងស្ដាំតាមការ ពួកជនបែបនេះ មានក្នុងតម្រា ថានាំអាត្មា
ទៅរកក្ដីទុក្ខ ។
១.២៣.៤ បូកសងតាមក្បួន គុណចែកតាមមុខ កុំធ្វេសប្រហែល ខំឡើងគ្រប់ស្រុក ទើបរដ្ឋបានសុខ
រស់រានក្សេមក្សាន្ត ។
អនាគតគឺអ្នក ដូច្នេះត្រូវស្មគ្រ កុំទំរន់ប្រាណ នឿយហត់កុំត្អូញ យកចេះឲ្យបាន ខ្លួននាងថ្កើងថ្កាន
ពីព្រោះនឿយមុន ។
ខំគូរសំគូរ អស់ទាំងគំនូរ ធ្ងន់ស្រាលខំពុន ចំណេះនេះហើយ ដែលនាំនូវគុណ បុណ្យសក្តិទ្រព្យធន
ដល់ជាតិដល់អ្នក ។
ជំនួញជួញប្រែ ជាតិគេធ្វើតែ បន្លំលួចលាក់ បិទភ្នែកខ្មែរស៊ី ព្រោះជាតិខ្មែរខ្វាក់ នាងអើយគួរភ្ញាក់
ខំរុលទៅមុខ ។
រៀនដើម្បីអ្វី ដើម្បីទឹកដី ចូរចងចាំទុក រដ្ឋកម្ពុជា កេរិ៍ម៉ែឪពុក សាងបានជាស្រុក
ដោយសារសាច់ឈាម ។
បើជាតិត្រូវការ នាងកុំសាវ៉ា ថយក្រោយទីមទាម ស្ទុះស្មគ្របំរើ ឲ្យទាន់ពេលភ្លាម នោះទើបបដល់ពាម
គឺសុខសប្បាយ ។
ទោះរស់ទោះស្លាប់ ស្រីប្រុសប្រញ៉ាប់ ត្រូវបូជាកាយ ដល់មាតុភូមិ កុំបីនឿយណាយ ជីវិតកុំស្ដាយ
ស្ដាយត្រង់តែជាតិ ។
បើសត្រូវជិះជាន់ ព្រួតតកុំគ្រាន់ វាយវាឲ្យឃ្លាត កុំដេកផ្សងព្រេង ត្រូវវាយឲ្យព្រាត់ វាយឲ្យខ្ទាយខ្ទាត់
ចាកពីទឹកដី ។
ត្រូវប្ដូរជីវិត ស្លាប់រស់កុំគិត ណានាងប្រុសស្រី រស់នៅខ្ញុំគេ មិនប្រសើរអី ស្លាប់ព្រោះបូរី
ជយោស្លាប់ចុះ ។
បើនាងបណ្ដោយ ដល់ទៅថ្ងៃក្រោយ គ្មានបញ្ញាឆ្លុះ ព្រោះខ្ជិលពុំរៀន គំនិតតុញតុះ ដល់ដឹងថាខុស
ចាស់ជ្រុលទៅហើយ ។
ពេលកន្លងទៅ អ្នកនាងស្រែហៅ ពុំវិលវិញឡើយ នៅកមេងត្រូវប្រឹង កុំធ្វើព្រងើយ នែអ្នកនាងអើយ
មកទៅ ! មកទៅ ! ។
មកទៅសាលា នាងកណ្ដៀតក្ដារ ក្រាបលាម៉ែឪ បបួលមិត្តភក្តិ កុំគិតកាក់នៅ ខំរៀនណាពៅ
អ្នកនាងកូនខ្មែរ ។
ម៉ែឪសប្បាយ ចិត្តលោកខ្វល់ខ្វាយ ខិតខំធ្វើស្រែ នាងសង្វាតរៀន ឲ្យបានពូកែ កុំយំឡែឡែ
ខ្មាស់ជាតិជិតខាង ។
គុណគ្រូត្រូវស្គាល់ យប់ថ្ងៃនាងគាល់ ផ្ទិតផ្ទង់សំអាង គឺគ្រូនេះហើយ ដែលជួយកសាង វាសនាសំណាង
ឲ្យនាងរាល់គ្នា ។
ចូរនាងចងចាំ អស់ទាំងបណ្ដាំ ខាងលើនេះណា ព្រឹកស្អែកត្រៀមខ្លួន ចេញចរយាត្រា ឆ្ពោះទៅសាលា
ខំសិក្សាអឺយ ។ សូមមើលផងដែរ
|