មជ្ឈមណ្ឌលខេមរសិក្សា (មខស, អង់គ្លេស៖ Center for Khmer Studies ហៅកាត់ CKS) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាលមួយ ដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអ្នកសិក្សា អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ បញ្ញាវន្ត និងមនុស្សជាច្រើនទៀត ដែលធ្វើការស្រាវជ្រាវអំពីប្រទេសកម្ពុជា។ មខស បានចុះបញ្ជី នៅក្រសួងការបរទេសក្នុងប្រទេសកម្ពុជា និងត្រូវបានចុះបញ្ជីក្នុងសហរដ្ឋអាមេរិច ក្នុងនាមជាស្ថាប័ន លើកលែងពន្ធ ក្រោមមាត្រា៥០១ (គ)៣ នៃក្រមថវិកាចំណូលផ្ទៃក្នុង។[១]
មជ្ឈមណ្ឌលខេមរសិក្សា ផ្ដល់ការគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងសេវាសាធារណៈទាំងឡាយណាដែលមានទំនាក់ទំនងទៅនឹងប្រទេសកម្ពុជា ទាំងវិស័យវិទ្យាសាស្ត្រសង្គម សិល្បៈ និងមនុស្សសាស្ត្រ។