ព្រះធម្មចក្កប្បវត្តនសូត្រអន្តធម៌ ២ យ៉ាងឯវម្មេ សុតំ សូត្រនេះ (ឈ្មោះធម្មចក្កប្បវត្តនសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ) បានស្ដាប់មកហើយ យ៉ាងនេះថា សម័យមួយ ក្នុងថ្ងៃ ១៥ កើត ខែអាសាឍ ព្រះពុទ្ធទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ( Isipatana, the deer park) ជិតក្រុងពារាណសី ដែលបច្ចុប្បន្នតំបន់នោះមានឈ្មោះថា សារនាថ (Sarnath) ជិតក្រុងពារាណសី (Varanasi) នៅក្នុងរដ្ឋឧត្តរប្រទេស (Uttar Pradesh) នៅភាគខាងជើងនៃប្រទេសឥណ្ឌា (India) ។ ព្រះពុទ្ធទ្រង់ត្រាស់ហៅ បញ្ចវគ្គិយភិក្ខុ (សាវក ៥ អង្គដែលបានបម្រើព្រះពុទ្ធ មុនពេលដែលព្រះអង្គបានត្រាស់ដឹង) ក្នុងទីនោះឯង ឲ្យតាំងចិត្តស្ដាប់នូវភាសិតនេះថា "... អន្តធម៌ គឺធម៌ជាផ្លូវប្រតិបត្តិអមខាង ដ៏លាមកអាក្រក់ទាំងឡាយពីរប្រការនេះ បព្វជិតមិនគួរសេពគប់ គឺថាមិនគួរប្រព្រឹត្តឡើយ (នេះជាបឋមទេសនារបស់ព្រះពុទ្ធ) ។" ធម្មចក្កប្បវត្តនវគ្គ ទី២ (បិដក ៣៩ ទំព័រ ២៣៩ ដល់ ២៦០) [៣៦៥] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ ក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះបញ្ចវគ្គិយភិក្ខុទាំងឡាយថា ៖ "ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង ២ ប្រការនេះ បព្វជិត មិនគួរសេពគប់ឡើយ ។ ធម៌អមខាង ២ ប្រការ គឺអ្វីខ្លះ?" "ការប្រកបរឿយៗនូវសេចក្ដីជាប់ជំពាក់ដោយកាមសុខក្នុងកាមទាំងឡាយ (កាមសុខល្លិកានុយោគៈ) ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍" [និង] "ការប្រកបរឿយៗនូវសេចក្ដីព្យាយាមធ្វើខ្លួនឯងឲ្យលំបាក (អត្តកិលមថានុយោគៈ) ដែលនាំមកនូវសេចក្ដីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ។" "ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា មិនប៉ះពាល់នូវធម៌អមខាងទាំង ២ នុ៎ះ តថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។" "ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ តើដូចម្ដេច ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ?" "(មជ្ឈិមាបដិបទា) គឺ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង ។" "អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ?" "គឺសេចក្ដីយល់ត្រូវ សេចក្ដីត្រិះរិះត្រូវ វាចាត្រូវ ការងារត្រូវ ការចិញ្ចឹមជីវិតត្រូវ សេចក្ដីព្យាយាមត្រូវ សេចក្ដីរឭកត្រូវ ការធ្វើចិត្តឲ្យនឹងត្រូវ ។" "ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា មជ្ឈិមាបដិបទា ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។"
"ម្នាលភិក្ខុទាំងឡាយ ហេតុជាទីកើតឡើង នៃទុក្ខនេះ ហៅថា អរិយសច្ច ។ គឺតណ្ហានេះឯង ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្ដីរីករាយ និងត្រេកត្រអាល ជាធម្មជាតិ នាំសត្វឲ្យ ត្រេកត្រអាល ក្នុងភពនោះៗ ។" "តណ្ហា គឺអ្វីខ្លះ?" "គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា ។" "ម្នាលភិក្ខុទាំងឡាយ សេចក្ដីរលត់នៃទុក្ខនេះ ហៅថា អរិយសច្ច ។ គឺសភាវៈនឿយណាយ និងការរលត់ ដោយមិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនមានអាល័យ ចំពោះតណ្ហានោះ ។" "ម្នាលភិក្ខុទាំងឡាយ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច ។ គឺអរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង ។" "អរិយមគ្គ គឺអ្វីខ្លះ?" "គឺសេចក្ដីយល់ត្រូវ សេចក្ដីត្រិះរិះត្រូវ វាចាត្រូវ ការងារត្រូវ ការចិញ្ចឹមជីវិតត្រូវ សេចក្ដីព្យាយាមត្រូវ សេចក្ដីរឭកត្រូវ ការធ្វើចិត្តឲ្យនឹងត្រូវ ។" ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិជាកណ្តាលមិនលាយច្រឡំដោយអន្តធម៌ទាំងឡាយពីរយ៉ាងនេះឯង ដែលតថាគត បានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ (ការឃើញដោយប្រាជ្ញា) ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរម្លត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដី ប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរម្លត់ទុក្ខនោះ តើដូចម្តេច? អរិយដ្ឋង្គិកមគ្គៈអរិយដ្ឋង្គិកមគ្គៈ គឺធម៌ដូចជាផ្លូវ មានអង្គ ៨ ដ៏ប្រសើរនេះឯង (ហៅថា សេចក្ដីប្រតិបត្តិជាកណ្តាល) ។ អដ្ឋង្គិកមគ្គនោះ ដូចម្តេច? · សម្មាទិដ្ឋិ អារម្មណ៍ឬវិញ្ញាណបានយល់ត្រូវ · សម្មាសង្កប្ប សេចក្ដីត្រិះរិះត្រូវ · សម្មាវាចា សម្តីត្រូវ · សម្មាកម្មន្ត ការងារត្រូវ · សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ · សម្មាវាយាម ព្យាយាមត្រូវ · សម្មាសតិ សេចក្ដីរលឹកត្រូវ · សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ ។ ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គនេះឯងដែលហៅថា សេចក្ដីប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដី ដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរម្លត់ទុក្ខ ។ លក្ខណៈនៃអរិយសច្ច ៤ទុក្ខអរិយសច្ច (សេចក្ដីលំបាក, ភាវៈដែលអត់ធន់បានដោយពិបាក)ម្នាលភិក្ខុទាំងឡាយ ជាតិ គឺកិរិយាកើតនៃខន្ធ ជាហេតុនាំមកនូវទុក្ខ ជរា គឺកិរិយាចាស់គ្រាំគ្រានៃខន្ធ ក៏ជាហេតុនាំមកនូវ ទុក្ខ (ព្យាធិ គឺជំងឺដំកាត់ទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ) មរណៈ គឺកិរិយាបែកធ្លាយនៃខន្ធ ក៏ជាហេតុនាំមកនូវទុក្ខ សេចក្ដី សោកខ្សឹកខ្សួលទុក្ខទោមនស្ស និងសេចក្ដីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ កិរិយាប្រកបដោយសត្វនិងសង្ខារ ទាំងឡាយ ដែលមិនជាទីស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ កិរិយាព្រាត់បា្រសចាកសត្វនិងសង្ខារទាំងឡាយ ដែលជាទី ស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ ។ កាលបើចង់បាននូវវត្ថុណាមួយហើយ មិនបាននូវវត្ថុនោះ កិរិយាមិនបាននោះ ក៏ជាហេតុនាំមកនូវទុក្ខ ឧបាទានក្ខន្ធទាំងឡាយ ៥ ដែលតថាគតសម្តែងហើយដោយបំព្រួញ ក៏ជាហេតុនាំមកនូវទុក្ខ កងទុក្ខមាន ជាតិជាដើមនេះ ឈ្មោះថា ទុក្ខអរិយសច្ច ។ ទុក្ខសមុទយអរិយសច្ច (មូលហេតុនាំឲ្យកើតសេចក្ដីទុក្ខ)ម្នាលភិក្ខុទាំងឡាយ តណ្ហាឯណា ដែលរមែងតាក់តែងនូវភពថ្មី ប្រកបដោយតម្រេកដោយអំណាចនៃសេចក្ដីត្រេក ត្រអាល មានកិរិយារីករាយក្នុងអារម្មណ៍នោះៗ ជាប្រក្រតី តណ្ហានោះដូចម្តេចខ្លះ? (តណ្ហានោះ) គឺកាមតណ្ហា (ចំណង់ក្នុងកាម), ភវតណ្ហា (ចំណង់មានជាតិកំណើត), វិភវតណ្ហា (ចំណង់អស់ជាតិកំណើត) ។ តណ្ហាទាំង ៣ នេះ ឈ្មោះថា ទុក្ខសមុទយអរិយសច្ច ។ ទុក្ខនិរោធអរិយសច្ច (សេចក្ដីរម្លត់បង់នៃទុក្ខ)ម្នាលភិក្ខុទាំងឡាយ កិរិយារម្លត់បង់នូវតណ្ហានោះ ដោយអរិយមគ្គមិនឲ្យមានសេសសល់ កិរិយាលះបង់នូវតណ្ហានោះ កិរិយារលាស់ចោលនូវតណ្ហានោះ កិរិយារួចផុតចាកតណ្ហានោះ កិរិយាមិនមានអាល័យក្នុងតណ្ហានោះឯណា កិរិយារម្លត់បង់នូវ តណ្ហា ដោយអរិយមគ្គមិនឲ្យមានសេសសល់ជាដើមនេះឯង ឈ្មោះថា ទុក្ខនិរោធអរិយសច្ច ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច (បដិបត្តិឆ្ពោះទៅកាន់សេចក្ដីរម្លត់ទុក្ខ)ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯងដូចម្តេចខ្លះ? គឺ អរិយអដ្ឋងគិកមគ្គ ឬហៅមួយយ៉ាងទៀតថា មជ្ឈិមាបដិបទា (បដិបត្តិផ្លូវខ្សែកណ្តាល ) ។ អរិយអដ្ឋង្គិកមគ្គ (Noble Eightfold Path) ជាផ្លូវមានអង្គ ៨ ប្រការ សរុបក៏នៅក្នុងត្រៃសិក្ខា គឺ សីល សមាធិ បញ្ញា ៖សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
អដ្ឋង្គិកមគ្គដ៏ប្រសើរនេះឯង ឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។ ញាណទាំង ៣ ប្រការកាលត្រាស់ទេសនា នូវលក្ខណៈនៃអរិយសច្ច ៤ ប្រការដូច្នេះហើយ ទើបត្រាស់ទេសនានូវញាណទាំង ៣ ប្រការ គឺសច្ចញ្ញាណ, កិច្ចញ្ញាណ, កតញ្ញាណ ឲ្យទូទៅក្នុងអរិយសច្ច ៤ តទៅទៀត ៖ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខអរិយសច្ច នេះឯង គួរតែកំណត់ដឹងដោយបញ្ញាដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខអរិយសច្ច នេះឯង តថាគតកំណត់ដឹងបានហើយដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខសមុទយអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯងគួរតែលះបង់ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯង តថាលះបង់បានហើយ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯងគួរតែធ្វើឲ្យជាក់ច្បាស់ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯង តថាគតធ្វើឲ្យជាក់ច្បាស់បានហើយ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង គួរតែចម្រើនឲ្យកើតឡើង ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង តថាគតចម្រើនឲ្យកើតបានហើយ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់ តាមពិត [1] មានបរិវដ្តៈ ៣ [2] មានអាការៈ ១២ យ៉ាងនេះ [3] (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ចទាំងឡាយ ៤ នៅមិនទាន់បរិសុទ្ធល្អ មានដល់តថាគត អស់កាលត្រឹមណា ។ ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្ដីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រះទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ នៅឡើយទេ ។ ម្នាលភិក្ខុទាំងឡាយ ក៏បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់តាមពិត មានបរិវដ្តៈ ៣ មានអាការៈ ១២ យ៉ាងនេះ (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ចទាំងឡាយ ៤ នេះ បរិសុទ្ធល្អ មានដល់តថាគត ក្នុងកាលណា ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្ដីដឹងឯទៀតក្រៃលែង ជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលណោះឯង ។ ក៏បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់តថាគត ដូច្នេះថា សេចក្ដីរួចផុតវិសេសរបស់តថាគត មិនប្រែ ត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ ។ កំណត់សម្គាល់៖ [1] យតាភូតំ ញាណទស្សនំ គឺបញ្ញាដែលដឹងច្បាស់ឃើញច្បាស់តាមពិត ។ yatha-bhuta-ñana-dassana : knowledge and vision of these Four Noble Truths as they really are in their 3 phases and 12 aspects; the knowledge and vision of things as they are; seeing things as they really are. one comes variously and eventually to know the truth of things “as they truly are” (yathabhutam ) [2] សច្ចញ្ញាណ, កិច្ចញ្ញាណ, កតញ្ញាណ [3] បរិវដ្តៈ ៣ នោះឯងវិលទៅដូចជាចក្រ ក្នុងសច្ចៈទាំង ៤ គឺក្នុងទុក្ខសច្ច ៣, ទុក្ខសមុទយសច្ច ៣, ទុក្ខនិរោធសច្ច ៣, ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ៣ ។ ផ្សំគ្នាជា ១២ ហៅថាអាការៈ ១២ ឯកសារយោងព្រះត្រៃបិដក > វិនយបិដក > មហាវគ្គ > ធម្មចក្កប្បវត្តនសូត្រ (បិដកភាគ៦ ទំព័រទី២៨) ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > មហាវារវគ្គ > សច្ចសំយុត្ត > ធម្មចក្កប្បវត្តនវគ្គ > ធម្មចក្កប្បវត្តនសូត្រ (បិដក ៣៩ ទំព័រ ២៣៩ ដល់ ២៦០) Setting the Wheel of Dhamma in Motion: Dhammacakkappavattana Sutta (SN 56:11) พระไตรปิฎก เล่มที่ ๑๙ พระสุตตันตปิฎก เล่มที่ ๑๑ สังยุตตนิกาย มหาวารวรรค ธัมมจักกัปปวัตตนวรรคที่ ๒ |