សូមសំដែងសារស័ព្ទច្បាប់សេយ្យភេទ
|
នៃចមពង្សពានរេតរឿងស្នាម
|
ក្លៀវក្លាក្លែងស្ទែងស្ទាត់បទសង្រ្គាម
|
ទ្រង់ព្រះនាមរាជាឈ្មោះពាលី ។
|
ជាបុត្រអង្គអម្រិន្ទពិនលោកិយ
|
គ្រងខាសខិមបុរីរាជធានី
|
ល្បីល្បះគ្រប់ភពផែនដែនបឋវី
|
សព្វទិសទីទ្វីទ្វីបសឹងខ្លាចក្រែង ។
|
ទាំងទេវាយក្សយង់ទ្រង់អំណាច
|
ឮតែនាមខ្លបខ្លាចស្ញោរស្ញប់ស្ញែង
|
រអាអស់មិនអាចចេញអង្គទែង
|
ព្រះអង្គឯងពូជពង្សវង្សឥន្រ្ទា ។
|
កាលត្រូវសរព្រហ្មមាសរិទ្ធីក្រៃ
|
ទ្រង់យកដៃចាប់ជាប់ដោយឫទ្ធា
|
មិនឲ្យមុតមានស្នាមអង្គា
|
នឹងឲ្យស្ញែងនាមាទួទ្វីបា ។
|
ទុកជាច្បាប់សំរាប់រាល់ទាហាន
|
ត្រិះធ្យោកធ្យានធ្វើតាមទៅមុខណា
|
ព្រះហស្ដស្ដាំទ្រង់ក្ដាប់ចាប់សរថ្លា
|
ព្រះហត្ថាឆ្វេងក្សត្រទ្រង់បោយហៅ ។
|
ទៅសុគ្រីពសូរ្យវង្សពង្សសុរិយា
|
នឹងអង្គបុត្រារ័តន៍ឆោមឆ្លៅ
|
ប្អូនអើយចូរមកអាយបងប្រដៅ
|
ដ្បិតអង្គចៅនឹងជាខ្ញុំចក្រី ។
|
ខំគ្រងវង្សឲ្យគង់ជាច្បងច្បាស់
|
យកតេជះដំកល់លើកេសី
|
បាតាំងចិត្តសុចរិតស្និទ្ធភ័ក្ដី
|
ជីវិតវៃថ្វាយក្រោមព្រះបាទា ។
|
កាលបាននឹងឡើងគាល់ដល់ទ្វារវាំង
|
បាឈប់តាំងប្រណម្យនាកេសា
|
រំលឹកគុណបុណ្យបាទព្រះមូលិកា
|
សឹមយាត្រាកាន់ផ្ទៃព្រះរោងទ្រង់ ។
|
មួយកាលគង់ចាំគាល់ក្នុងនិវេសន៍
|
កុំបាធ្វេសប្រហែសឲ្យលើសលង់
|
ក្រែងជួនស្ដេចត្រាច់ត្រង់មកយល់យង់
|
រវាំងអង្គអូនខ្លាចព្រះអាជ្ញា ។
|
ធ្វើជាខ្ញុំសំគាល់ដល់ទីស្ថាន
|
ឲ្យបានតាមព្រះទ័យទ្រង់ប្រាថ្នា
|
បើត្រាស់សួរមកចំសឹមវាចា
|
គិតត្រិះត្រាឲ្យត្រូវទំនងន័យ ។
|
ចូលគាល់កុំតែងអង្គឲ្យពណ្ណរាយ
|
ហាក់ពាយងាយផ្ទឹមនឹងអង្គជៀស្ឋជ័យ
|
កុំទូលទាស់ផ្ទញ់ផ្ទាល់នៃព្រះហ្ឫទ័យ
|
កុំសំឡឹងនេត្រនៃព្រះច័ក្ករា ។
|
រីព្រះចមចក្រពង្សវង្សនារាយណ៍
|
ព្រះប្រាជ្ញាឈ្វេងឆ្ងាយដូចរតនា
|
កុំបាឲ្យហក់ហួសជ្រួសរាជការ
|
រិះត្រិះត្រាឲ្យត្រូវចិត្តមហាជន ។
|
បើណាកាចបាភ្លៃធ្វើតាមកាច
|
នរណាខ្លាចស្វែងផលឲ្យគិតគន់
|
ជាជញ្ជីងជញ្ជឹងថ្លឹងចិត្តជន
|
ខាងណាធ្ងន់លន់លុបលាលស់លៃ ។
|
មួយស្នេហ៍ស្នំសមស័ក្តិអគ្គនារី
|
នេះជាទីចំរើនរីកហ្ឫទ័យ
|
កុំបាបែរបាយបៀងមៀងមើលវៃ
|
ព្រះជៀស្ឋជ័យទតយល់ពីភាល់បា ។
|
ទាំងទាសីនៃអ្នកអគ្គនារី
|
ទោះឆវីល្អស្មើកិន្នរណា
|
កុំប្អូនប្អូកលូកលលងស្នេហា
|
ប្រៀបចិន្ដាថាជាស្នំបវរ ។
|
របស់អ្វីហ្ឫទ័យទ្រង់ស្ម័គ្រស្មោះ
|
ថែរបស់នោះទុកតាមភូធរ
|
បទណាហាមប្រាមចិត្តកុំគិតល
|
បាសាទរទុកតាមជាខ្ញុំវៃ ។
|
បើទ្រង់ប្រោសកុំធ្វើលលើខ្លាំង
|
រិះរវាំងក្រោយមុខខ្លាចទុក្ខភ័យ
|
កុំកាចកោងប៉ោងយ៉ៃក្រៃពេកនៃ
|
កុំកួនគៃកុំក្រោធតបក្សត្រា ។
|
បាថ្នមយសឲ្យសមពហូស័ក្តិ
|
កំហ៊ឹកហ៊ាក់ឲ្យហួសពីវាស្នា
|
ស្លៀកប្រដាប់ឲ្យសមនឹងកាយា
|
កុំយាត្រាគន់កាយឆ្វេងស្ដាំផ្សំ ។
|
មួយមានភឿនភ័ក្តិភុមខ្ញុំរាជការ
|
នឹងស្រឡាញ់ជាគ្នារើសឲ្យសម
|
បើគេត្រង់ៗស្នងសងអារម្មណ៍
|
បើគេវៀចៗសមឲ្យសួនការ ។
|
បើបង់សីលរិះគិតថ្និតថ្នមស័ក្តិ
|
ទើបចាត់ជាក់ជាហ៊ានមានចិត្តក្លា
|
បើគប់ពាលគិតលុបបង់ពាលណា
|
គិតប្រហារពាលកាចឲ្យខ្លាចក្រែង ។
|
បើគេល្អស្មើចិត្តកុំគិតកាច
|
បើគេខ្លាចឱនយសកុំកំហែង
|
កុំនាំភឿនដើរលេងជាអ្នកល្បែង
|
សង្ខេបចិត្តគិតក្រែងព្រះចេស្ដា ។
|
មួយបើត្រូវរាជទ័ណ្ឌដល់ពាន់ដង
|
កុំបាចងគំនុំគុំក្សត្រា
|
កុំប្រែចិត្តគិតក្បត់ព្រះចក្ករា
|
ខំឧស្យាហ៍ស្វែងផលប្រយោជន៍ខ្លួន ។
|
បើម៉បគាល់នាឆ្ពោះព្រះភក្រ្តា
|
កុំប្រែក្រោយចរចាមិនសមសួន
|
នៅមុខព្រះទីនាំងរវាំងខ្លួន
|
បាគាល់គួនចាំស្ដាប់រ៉ាប់បញ្ជា ។
|
បើទ្រង់ព្រះក្រោធនឹងមុខមន្រ្តី
|
កុំស៊យសែមថែមស្ដីឲ្យក្រោធា
|
ទោះកិច្ចការសារពើសព្វនានា
|
កុំពិតទូលវេលាទ្រង់ព្រះខ្ញាល់ ។
|
មើលទំនងល្មមទូលសឹមទូលពិត
|
បាពិនិត្យក្នុងក្រៅគ្រប់អម្បាល
|
យល់ប្រីតាប្រិមប្រិយប្រោសក្រសាល
|
មិនទ្រង់ខ្ញាល់សឹមយកសេចក្ដីថ្លែង ។
|
បើត្រាស់សួរប៉ុន្មានទូលប៉ុណ្ណោះ
|
ពាក្យក្រៅនោះកុំយកមកផ្លើសប្លែង
|
តែស្ដីច្រើនជ្រួសមាត់ភ្លយភ្លាត់ឯង
|
ពាក្យស្ដែងគេមិនស្ដាប់អាប់អង្គបា ។
|
១ទៀតព្រះហរីរ័ក្សចក្រពេជ្រ
|
ប្រោសប្រទានបំណាច់ពលសេនា
|
ដែលប្រាកដប្រកបឆបរាជការ
|
កុំឫស្យាទូលទាស់អធ្យាស្រ័យ ។
|
របស់អ្វីឈ្មោះថាព្រះរាជទ្រព្យ
|
បាគ្នេរគ្នៃគៃរាប់រិះសព្វថ្ងៃ
|
ទោះតិចតួចហោចស្ដួចជាសរសៃ
|
យកចិត្តគិតអាល័យដូចផងខ្លួន ។
|
បើមានអ្នកប្រទេសដទៃមក
|
កុំបៀតរកយកមិត្រភ័ក្ដីស្ងួន
|
តែជ្រាបដល់នឹងកើតអម្ពល់ខ្លួន
|
បាគិតអ្វីឲ្យមួនកុំឲ្យហ្មង ។
|
មួយកាលចមចក្រពង្សហរីរ័ក្ស
|
ស្ដេចកាន់ទីដំណាក់ឆ្នួនផែផង
|
សឹងព្រមដោយរាជរថស្នំស្នែហ៍ស្នង
|
កុំផ្អៀងផ្អងម៉ងមៀងបៀងបោយបែរ ។
|
ស្ថានណាទ្រង់ព្រះបញ្ញត្តហាម
|
បាប្រាបប្រាមចិត្តចាំតាមក្រសែ
|
កុំភ្លើនភ្លេចឲ្យភ្លាត់បទបាទបែរ
|
បាគិតកែឲ្យគង់បណ្ដាំមុនី ។
|
វេលាមានទ័ពទាមសង្រ្គាមសឹក
|
កុំបាភ្លឹកឲ្យភ្ញាក់ផ្អើលយោធី
|
ចូរគិតគៃកែកុនកល់ភេរី
|
រកទិសទីតាំងតែងឲ្យសង៉ា ។
|
នឹងប្រព្រឹត្តគិតការសង្រ្គាមជ័យ
|
ឲ្យវាងវៃវេះវាត់ស្ទាត់កល់ការណ៍
|
យល់ទ្រោមទ្រុឌមិនទ្រាំឲ្យចោមណា
|
បើគេគង់ក្លៀវក្លាបាបោះទល់ ។
|
បាថ្នមចិត្តពលផងឲ្យស្នេហា
|
នឹងគិតការមើលហេតុសង្កេតផល
|
សព្ទឧបាយស្រាយដោះឲ្យដឹងដល់
|
មានការកលគិតកែឲ្យអាចហាន ។
|
ទាំងនេះហើយតែដោយព្យាយាមពិត
|
កុំខ្ជិលគិតប្រើគេតាងភ្នែកប្រាណ
|
ជាចមទ័ពរំងាប់ចិត្តក្រោធថ្កាន
|
នឹងហ៊ានខ្លាចក្លាហានឲ្យល្មមល្អ ។
|
កុំអួតចេះរិះរកតែទីងាយ
|
ទីណាធ្លាយយកកាយបាតាំងត
|
ជាជាតិប្រុសធ្វើទ័ពទុកនាមករ
|
ឲ្យល្បីល្បាញខ្ចាយខ្ចរទួលោកា ។
|
ចូរមើលបែបយ៉ាងបងមានសច្ចំ
|
មិនគិតតាំងជីវិតប៉ុនកេសា
|
មិនគួរស្ដាប់គួរស្ដាយដួងជីវ៉ា
|
មិនគួរសូន្យសង្ខារកុំអាល័យ ។
|
បងផ្ញើកែវតារាយុផាភក្រ្ត១
|
ចូររួមរ័ក្សស្ម័គ្រស្មោះកុំអាថៃ
|
គ្រងរក្សាគ្នាទៅនៅក្រុងក្រៃ
|
ទាំងក្របីស្រីកំហែងហនុមាន ។
|
បាថែទាំសង្គ្រោះសព្វសុរ្យវង្ស
|
នៅពីរពង្សអង្គក្មួយទាំងពីរប្រាណ
|
ផ្ដាំស្រេចលេងសរព្រះអវតាណ២
|
សង្ខារប្រាណបានទៅកើតសួគ៌ា ។
|
ទើបបាននាមទេវាជាពាលី
|
ព្រោះមានទីសច្ចំជាសព្វគ្រា
|
នឹងតេជះសរនារាយណ៍ជួយនាំពាហ៍
|
បានសោយសុខសួគ៌ាសម្រាន្តចិត្ត ។
|
សុភាសិតពាលីពីបុរាណ
|
នោះចំណានមែនហើយតែប្រគិត
|
សាធុជនទញ់ទាល់នឹងពិនិត្យ
|
ទើបគិតកែគ្រាន់ងាយពិចារណា ។
|
ខ្ញុំជាហ្មឺនឈ្មោះមាសឈ្លាសឈ្លៀតគិត
|
ចងលិខិតប្រឹតប្រែកែលិខា
|
ទុកជាច្បាប់សម្រាប់ខ្ញុំរាជការ
|
មិនវិត្ថារព្រោះទើបរើបហ្វឹកសន ។
|
នោះបើខុសបើខាតបាទបទក្ដី
|
សូមប្រណីផ្លាស់កែប្រែសុន្ថន៣
|
ឲ្យតែត្រូវតែត្រង់គណៈក្លន
|
ទុកជាបនជាបែបបណ្ដាំអឺយ ។
|